Print

អារម្ភកថា

នៅឆ្នាំ២០១៦ ដោយមានការគាំទ្រពីវិទ្យាស្ថានសភាកម្ពុជា(PIC) មន្ត្រី សភាចំនួន០៨ រូប (៥រូប មកពីរដ្ឋសភា និង ៣រូប មកពីព្រឹទ្ធសភា) ត្រូវបានជ្រើសរើសឱ្យចូលរៀនវគ្គសិក្សា «បច្ចេកទេស តាក់តែងច្បាប់» ដែលឧទ្ទេសនាមដោយ អ្នកជំនាញមកពី រដ្ឋសភាបារាំង និងប្រទេសស៊្វីស។ ក្នុងគោល បំណងវាស់ស្ទង់ចំណេះដឹង និងបទពិសោធន៍លើកិច្ចការសភា សិក្ខាកាមបាន ផ្តួចផ្តើមគំនិតចងក្រង ឯកសារមួយដែលពិពណ៌នា អំពីការអនុវត្តជាក់ស្តែងនៃនីតិវិធីធ្វើច្បាប់ក្នុងស្ថាប័ននីតិប្បញ្ញត្តិ ។

សៀវភៅស្តីពី «ការអនុវត្តជាក់ស្តែងនៃដំណើរការពិនិត្យ និងអនុម័តច្បាប់នៅសភាកម្ពុជា» មានគោលបំណងបរិយាយអំពី គោលការណ៍ សំខាន់ៗនៃ ការផ្តួចផ្តើមធ្វើច្បាប់ តម្រូវការសម្លេងអនុម័ត បទប្បញ្ញត្តិហាមឃាត់ដោយរដ្ឋធម្មនុញ្ញ តួអង្គសំខាន់ៗដែលពាក់ព័ន្ធ ជាពិសេសការបង្ហាញជំហាន នីមួយៗជាក់ស្តែងរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ គណៈកម្មការជំនាញ និងកិច្ច​ប្រជុំពេញអង្គក្នុងការ ពិនិត្យ ពិភាក្សា និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់។ ទន្ទឹមនឹងនោះ ក៏បង្ហាញ អំពីនីតិវិធីនៃដំណើរការ បង្វិលទៅបង្វិលមករវាងព្រឹទ្ធសភា និងរដ្ឋសភា ក្នុងករណីដែលមិនមាន ការឯកភាពគ្នាទាំងស្រុងលើសេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់។ ជាមួយគ្នានេះ បែបបទការងារ នីតិវិធីរដ្ឋបាល និងបច្ចេកទេសផ្សេងៗ ដែលអនុវត្តដោយមន្ត្រីសភាពាក់ព័ន្ធក៏ត្រូវបានលើកមកបង្ហាញ ផងដែរ។

ថ្វីបើ ដំណើរការធ្វើច្បាប់នៅកម្ពុជា ជាប្រធានបទទូទៅមួយដែលត្រូវបានអ្នកនិពន្ធជាច្រើន សរសេរ និងចងក្រងជាសៀវភៅ
ប៉ុន្តែ សៀវភៅនេះជាស្នាដៃ ស្រាវជ្រាវ និងចងក្រងដោយមន្ត្រីសភា ដែលអនុ​វត្តការងារជាក់ស្តែង ។ សៀភៅនេះ បង្ហាញអំពីតួនាទីធ្វើច្បាប់របស់សមាជិករដ្ឋសភា និង សមាជិក ព្រឹទ្ធសភា ដោយអនុលោមតាមគោលការណ៍ និងនីតិវិធីជាក់ស្តែងនានាដែលមានចែងក្នុង រដ្ឋធម្មនុញ្ញ បទបញ្ជាផ្ទៃក្នុងរដ្ឋសភា បទញ្ជាផ្ទៃក្នុងព្រឹទ្ធសភា និងឯកសារពាក់ព័ន្ធដទៃទៀត ជាពិសេស គឺ នីតិវិធីមិនបានសរសេរដែលត្រូវបានអនុវត្តដោយសមាជិកសភា និងមន្ត្រីសភា។

នេះជាលើកទី១ ដែលក្រុមការងារយើងខ្ញុំបានរៀបចំ និងចងក្រងឡើង ហើយយើងខ្ញុំជឿជាក់ ថានឹងពិតជាមានចំណុចខ្វះខាត និងមានកំហុសឆ្គង ទាំងខ្លឹមសារ និងអក្ខារាវិរុទ្ធ ។ យើងខ្ញុំក៏សូមអភ័យ ទោសផងដែរចំពោះចំណុចខ្វះខាតទាំងឡាយ ដែលកើតមានឡើងដោយកំហុសអចេតនា និងស្វាគមន៍ ដោយក្តីរីករាយបំផុត ចំពោះការរិះគន់ស្ថាបនា ពីសំណាក់មិត្តអ្នកអានគ្រប់មជ្ឈដ្ឋាន ។

យើងខ្ញុំសង្ឃឹមយ៉ាងមុតមាំថា សៀវភៅនេះប្រាដកជាមានសារៈសំខាន់ និងមានអត្ថប្រយោជន៍ ដល់អ្នកសិក្សាស្រាវជ្រាវ សម្រាប់បង្កើននូវចំណេះដឹង ក៏ដូចជាការស្វែងយល់លើការងារជាក់ស្តែងអំពី ដំណើរការពិនិត្យ និងអនុម័តច្បាប់ក្នុង ក្របខណ្ឌសភាកម្ពុជាដែលអនុវត្តដោយសមាជិកសភា និងមន្ត្រី សភាកម្ពុជា។ ជាងនេះទៅទៀត នីតិវិធីនៃការបំពេញ ការងារសភាដែលមានបរិយាយក្នុងសៀវភៅនេះ ក៏អាចជាទុនរួមចំណែកដល់សមាជិកសភា និងមន្ត្រីសភាបានមួយកម្រិត ទៀតក្នុងការបំពេញមុខងារ តួនាទី និងភារកិច្ចរបស់ខ្លួនស្របតាមរដ្ឋធម្មនុញ្ញ បទបញ្ជាផ្ទៃក្នុង និងច្បាប់ជាធរមាន។

សូមអរគុណ

 

សមាសភាពក្រុមការងាររៀបចំចងក្រងសៀវភៅ

១.  លោក តុន គន្ធូ                   ប្រធានលេខាធិការដ្ឋានគណៈកម្មការក្រមសីលធម៌សភារបស់សមាជិកព្រឹទ្ធសភា (អ.ព.ស)

២.  លោក យិន យូរ៉ាន់             ប្រធាននាយកដ្ឋាននីតិវិធី (អ.ព.ស)

៣.  លោក ស៊ី វីរី                      ប្រធានការិយាល័យស្រាវជ្រាវកិច្ចការអង្គការអន្តរជាតិ (អ.រ.ស)

៤.  លោក បួ ទិត្យធារ៉ា             ប្រធានការិយាល័យស្រាវជ្រាវកិច្ចការទំនាក់ទំនងអន្តរជាតិ (អ.រ.ស)

៥.  លោក សាយ សុក្រារុណ    អនុប្រធានការិយាល័យជំនួយការគណៈកម្មការ (អ.រ.ស)

៦.  លោក ប៉ក់ ប៊ុនឆេន            អនុប្រធានការិយាល័យស្រាវជ្រាវកិច្ចការអង្គការអន្តរជាតិ (អ.រ.ស)

៧.  លោកស្រី វ៉ាន់ ណារី          អនុប្រធានការិយាល័យស្រាវជ្រាវកិច្ចការអង្គការអន្តរជាតិ (អ.រ.ស)