សិក្ខាសាលាថ្នាក់តំបន់ស្តីពី ពលករទេសន្តប្រវេសន៍ និង ការអភិវឌ្ឍជនបទ  បានប្រព្រឹត្តឡើងនៅថ្ងៃសុក្រ ទី ១០ ខែ មីនា ឆ្នាំ ២០១៦​ នៅព្រឹទ្ធសភាកម្ពុជា។ ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងដោយអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងរដ្ឋសភា និងវិទ្យាស្ថានសភាកម្ពុជា (វ.ស.ក) ដោយមានអ្នកចូលរួមចំនួន២០០នាក់ រួមមានសមាជិកព្រឹទ្ធសភា​​ សមាជិករដ្ឋសភា និងមន្ត្រី​​​អគ្គលេខាធិការដ្ឋានសភានៃ

​​ប្រទេស​​កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងថៃ ព្រមទាំង​តំណាងវិទ្យាស្ថានសភាកម្ពុជា  និងដៃគូអភិវឌ្ឍន៍។      

លោក គឹម យាត ដារ៉ារិទ្ធ នាយកប្រតិបត្តិនៃវិទ្យាស្ថានសភាកម្ពុជា បានថ្លែងថាសិក្ខាសាលានេះ បានធ្វើឡើងក្រោយពេល​​​បញ្ចប់​​វគ្គបណ្តុះបណ្តាលផ្នែកស្រាវជ្រាវសភា នៅ វ.ស.ក ដោយមានការចូលរួមពី   មន្ត្រីអគ្គលេខាធិការដ្ឋានសភាក្នុងតំបន់ចំនួន៦រូប (មកពីប្រទេសឡាវ មីយ៉ានម៉ា និងថៃ) និងមន្ត្រីអគ្គ-លេខាធិការដ្ឋានសភាកម្ពុជា (កម្មសិក្សាការីមក​ពីព្រឹទ្ធសភា និងរដ្ឋសភា) ជាផ្នែកមួយនៃកម្មវិធីផ្លាស់ប្តូរ  បទពិសោធន៍ក្នុងតំបន់របស់ វ.ស.ក។

ក្នុងចំណាប់អារម្មណ៍បើកសិក្ខាសាលា  ឯកឧត្តម ឡេង ប៉េង ឡុង អគ្គលេខាធិការរដ្ឋសភា បានបញ្ជាក់ថាការបណ្តុះបណ្តាលសម្រាប់មន្ត្រីអគ្គលេខាធិការដ្ឋានសភាមកពីប្រទេសដទៃទៀតក្នុងតំបន់ គឺជាផ្នែក​​​មួយ​​ដ៏សំខាន់ក្នុងការពង្រឹងកិច្ច​​សហប្រតិបត្តិការបច្ចេកទេស ក៏ដូចជាការចែករំលែកបទពិសោធន៍រវាងនៃ​បណ្តា​​ប្រទេសកំពុងអភិវឌ្ឍន៍។  គាត់ជឿជាក់ថាធនធានទាំងនេះ នឹងមានសមត្ថភាពខ្ពស់ក្នុង     ការផ្តល់សេវាស្រាវជ្រាវប្រកបដោយគុណភាពជូនសមាជិកសភាម្នាក់ៗ ក៏ដូចជា​​​គណៈកម្មការនានារបស់​​សភា។ ជាងនេះទៅទៀត គាត់ថ្លែងថា សិក្ខាកាម​​ នឹងយកចំណេះដឹង​​ដែលទទួលបានទៅចែករំលែកបន្តដល់​​សហការីរបស់ខ្លួន នៅពេលដែលពួកគាត់ត្រឡប់ទៅបំពេញការងាររៀងៗខ្លួនវិញ។

បន្ទាប់ពីបើកកម្មវិធីសិក្ខាសាលា  អ្នកស្រាវជ្រាវសភា មកពីប្រទេសកម្ពុជា ឡាវ មីយ៉ានម៉ា និងថៃ បានធ្វើបទបង្ហាញអំពី​ឯកសារស្រាវជ្រាវរបស់ខ្លួន​​​ ហើយបន្ទាប់មក កិច្ច​​ពិភាក្សាលើប្រធានបទស្រាវជ្រាវ​​ទាំងនោះ ត្រូវបានធ្វើឡើង ដោយមានការ​​​​​​សម្របសម្រួលពី​​​​​​អ្នកបណ្តុះបណ្តាល​ជាន់ខ្ពស់​​ផ្នែក​​ស្រាវជ្រាវ   សភា។ កិច្ចពិភាក្សា  បាន​​ធ្វើឡើងជុំវិញបញ្ហាពាក់ព័ន្ធនឹង​​​​​​ពលករទេសន្តប្រវេសន៍ឆ្លងដែន វិមជ្ឈការ និងការអភិវឌ្ឍជនបទ។  អ្នកធ្វើបទបង្ហាញ បាន​​ពិភាក្សាអំពី​​ស្ថានភាពបច្ចុប្បន្ន ការប្រឈម និងជម្រើសគោល     នយោបាយនានា។ លើសពីនេះ  អ្នកជំនាញមកពីអង្គការពលកម្មអន្តរជាតិ និងអង្គការអន្តរជាតិទេសន្ត-ប្រវេសន៍ បានចែករំលែកទស្សនទានតំបន់ ដោយបង្ហាញអំពីទំនោរយ៉ាង​​​​​ច្បាស់ និងផលប៉ះពាល់         ដែលអាចកើតមាននាពេលអនាគតនៃបញ្ហាទាំងនេះឆ្លងប្រទេស។

លទ្ធផលនៃការស្រាវជ្រាវ បញ្ជាក់ថាប្រទេសកម្ពុជា ឡាវ និងភូមា   មានទំនោរ​​​ជាប្រទេស​​​​​​ប្រភពនៃ​​​​​ពលករទេសន្តប្រវេសន៍ ដោយ​​មាន​​​​​ប្រទេសថៃជាប្រទេសគោលដៅដ៍សំខាន់ ពីព្រោះ​​កម្រិត​​​​​ប្រាក់កម្រៃខ្ពស់​​នៅប្រទេសថៃ​​ មានភាពទាក់ទាញ ធៀបទៅ​​​នឹងកម្រិត​​​ប្រាក់កម្រៃទាបជាង ដែលទទួលបាន​​​នៅក្នុង​​ប្រទេសរបស់​ខ្លួន។  ឧទាហរណ៍  តួលេខ បង្ហាញថា ក្នុងឆ្នាំ២០១៣ ពលករទេសន្តប្រវេសន៍ពីប្រទេស   កម្ពុជា ទទួលបានប្រាក់កម្រៃប្រចាំខែប្រហែល៣០០ដុល្លាអាមេរិក ពីការងារ​​នៅក្នុងប្រទេសថៃ  ធៀបទៅនឹងប្រាក់កម្រៃប្រចាំខែ ជាមធ្យម១១៩ដុល្លាអាមេរិក  ក្នុងប្រទេសកម្ពុជា។ ​​​​​​​​ទឹក​​ប្រាក់ភាគច្រើន ដែលជាប្រាក់កម្រៃរបស់​​​ពលករទេសន្តប្រវេសន៍ ត្រូវបានបញ្ជូនចូលមក​​​ប្រទេសរបស់​​ខ្លួនវិញ ក្នុងទម្រង់ជាការផ្ញើប្រាក់ ហើយជាការ​​​គួរឲ្យចាប់អារម្មណ៍ កម្មសិក្សាការីកម្ពុជា បានរកឃើញថា​​ ​​ ទឹក​​​ប្រាក់ដែលស្ត្រី ​​ផ្ញើ​​មកផ្ទះ មាន​​​ចំនួន​​​២០ភាគរយ ច្រើនជាង​​​ទឹកប្រាក់ដែល​​​បុរស ផ្ញើមកផ្ទះ។

ក្នុងចំណោមការរកឃើញគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត  កម្មសិក្សាការីស្រាវជ្រាវសភា​​មកពីប្រទេសឡាវ បាន​​រកឃើញថា ទេសន្តប្រវេសន៍ដែលមិនបាន​​​​​ចុះបញ្ជី  មានស្ថានភាព​​​ហរិញ្ញវត្ថុប្រសើរជាងពលករទេសន្តប្រវេសន៍ដែលបាន​​ចុះបញ្ជី ដែលត្រូវ​​បង់ប្រាក់​​​​កម្រៃផ្លូវការលើការ​​​រៀបចំ​​​ឯកសារ។ ការចំណាយសរុប​​សម្រាប់ពលករទេសន្តប្រវេសន៍ដែលបាន​​ចុះបញ្ជី ជាមធ្យមមានចំនួន​​​ប្រហែល៦២៦ដុល្លាអាមេរិក ដែលជា​​ទឹក​​ប្រាក់ដ៏ច្រើន ដែលត្រូវដកចេញពីប្រាក់កម្រៃ ដែលពួកគេរកបាន។

លើសពីនេះ ប្រជាជនមីយ៉ានម៉ា ប្រហែល១០ភាគរយ កំពុងធ្វើការនៅក្រៅប្រទេស ហើយប្រទេសថៃ គឺជាប្រទេសគោលដៅសម្រាប់៧០ភាគរយនៃ​​​​​​ប្រជាជនមីយ៉ានម៉ាទាំងនេះ។

លទ្ធផល និងកិច្ចពិភាក្សាទាក់ទងនឹងវិមជ្ឈការ  បង្ហាញ​​​​​​អំពីការរួមចំណែករបស់វិមជ្ឈការក្នុងការ​​ការអភិវឌ្ឍជនបទ។ ការទទួលបានមូលនិធិពីធនធាននៅមូលដ្ឋាន និងពី​​​រដ្ឋាភិបាល ដើម្បី​​​ឲ្យអាជ្ញាធរ      មូលដ្ឋាន ចាប់ផ្តើមការងារអភិវឌ្ឍន៍នៅមូលដ្ឋាន ដូចជាផ្លូវជនបទ និងការអប់រំ ក៏ដូចជា​​ការផ្តល់សេវា    សាធារណៈ ជារួម ត្រូវបានមើលឃើញថាជាផ្នែក​​​ដ៏សំខាន់ក្នុងភាពជោគជ័យនៃគំនិតផ្តួចផ្តើមនៃការអភិវឌ្ឍ។ ទោះ​យ៉ាងនេះក្តី   ប្រទេសទាំងអស់ រកឃើញ ថាកង្វះនៃ​​​ការរៀបចំផែនការអភិវឌ្ឍនៅមូលដ្ឋាន និងគោលនយោបាយជាតិ និងកង្វះធនធានមនុស្ស និងការចូលរួមរបស់ប្រជាពលរដ្ឋ ស្ថិតក្នុងចំណោមការប្រឈមសំខាន់ៗចំពោះការអភិវឌ្ឍជនបទ និងការកាត់បន្ថយភាពក្រីក្ររបស់​​​រដ្ឋាភិបាលនីមួយៗ ក្នុងប្រទេសដែលបាន​​សិក្សាស្រាវជ្រាវ។

លោកស្រី Sofia Ariani នាយិកាផ្នែកគោលនយោបាយ អប់រំ និងផ្សព្វផ្សាយនៃលេខាធិការដ្ឋាន AIPA បានលើកឡើងអំពី​​​​ទំនាក់ទំនង រវាងទេសន្តប្រវេសន៍ ការអភិវឌ្ឍជនបទ និងវិមជ្ឈការ។  គាត់​​បានកត់សម្គាល់ថាការបែងចែក​​​​ទ្រព្យមិនស្មើ រវាង​​សង្គមជនបទ និងសង្គមទីក្រុង ក៏បានបន្តធ្វើឲ្យ​​កើនឡើងចំនួនពលករទេសន្តប្រវេសន៍ក្នុងតំបន់។ លោកស្រី Sofia ថ្លែងថា ការបន្ត​​ធ្លាក់ចុះចំណូលពីការងារ​​កសិកម្ម និងឥទ្ធិពលរបស់កសិកម្ម​​​លើសេដ្ឋកិច្ចនៅជនបទ កំពុងធ្វើ​​​ឲ្យបាត់បង់កសិកម្មជាលក្ខណៈគ្រួសារជាច្រើន។ ប្រសិនបើរដ្ឋាភិបាល ពុំអាចផ្តល់ជម្រើស ដើម្បីប្រយុទ្ធ​​​​ប្រឆាំង​​នឹងភាពក្រីក្រនៅជនបទទេនោះ  គាត់ព្យាករណ៍ថា នឹងមានការបាត់បង់សកម្មភាពកសិ​​​កម្មខ្នាតតូច និងជាលក្ខណៈគ្រួសារ ដែលជាមូលដ្ឋាននៃប្រព័ន្ធផលិតកម្មស្បៀងអាហារដ៏មានចេរភាព។

ជាទីបញ្ចប់  នៅក្នុងសុន្ទរកថាបិទសិក្ខាសាលា  ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានថ្លែងថានៅពេលដែលអាស៊ាន ត្រូវធ្វើសមាហរណកម្មទៅជាសហគមន៍មួយកាន់តែស៊ីជម្រៅ វា​​តម្រូវឲ្យទាំងច្បាប់ជាតិ និងតំបន់មានលក្ខណៈឯកភាព និងស៊ីសង្វាក់គ្នា។ ដូច្នេះ គាត់​​ បានបន្ថែមថា  សភានៃប្រទេសសមាជិកនីមួយៗ នឹងមានតម្រូវការធនធានមនុស្សដែលជំនាញកាន់តែប្រសើរឡើង។ ឯកឧត្តម  អគ្គលេខាធិការព្រឹទ្ធសភា ក៏បានអំពាវនាវឲ្យមានកិច្ចសហប្រតិបត្តិការ និងការគាំទ្រកាន់តែខ្លាំងក្លាពី     អង្គការជាដៃគូ ទាំងកម្រិតជាតិ និងតំបន់ ដើម្បីគាំទ្រគោលនយោបាយអភិវឌ្ឍដែលពាក់ព័ន្ធ។