វគ្គបណ្ដុះបណ្ដាល​ស្ដីពី​ “ការគ្រប់គ្រង និងចាត់ចែងការងារសភា​” ក្រោមកិច្ចសហការ រៀបចំរវាងក្រុមជាតិទទួលបន្ទុកកិច្ចការ សភានិយាយភាសាបារាំង វិទ្យាស្ថានសភា កម្ពុជា សភានិយាយភាសាបារាំង និងសាកលវិទ្យាល័យ Senghor ចាប់ពីថ្ងៃទី០៩ ដល់១៤ ខែតុលា ឆ្នាំ២០១៧​ នៅវិមានព្រឹទ្ធសភា ។

នាព្រឹក​ថ្ងៃ​ច័ន្ទទី​៩ ខែ​តុលា ឆ្នាំ​២០១៧ ពិធីបើកវគ្គបណ្តុះបណ្តាលស្ដី​ពី ការគ្រប់គ្រង និងចាត់ចែងការងារសភា​ត្រូវ​បាន​ប្រារព្វ​ឡើង​ក្រោម​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់របស់ លោក​ជំ​ទាវ ​ទី បូរ៉ាស៊ី ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន និងឯកឧត្តម ប៉ុល ហំម ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក និងដែលជាអនុប្រធានក្រុមជាតិទទួលបន្ទុកកិច្ចការសភានិយាយ ភាសាបារាំង ​។

ពិធី​នេះ​ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ​មាន​ការ​ចូល​រួម​ពីសមាជិក សមាជិកាមកពីគ្រប់គណបក្សនយោបាយ នៅក្នុងសភា ថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ព្រឹទ្ធសភាកម្ពុជា មន្រ្តីមកពីសភាឡាវ វៀតណាម និងថៃ តំណាងអង្គទូតនានា អង្គការអន្តរជាតិ តំណាងសាកលវិទ្យាល័យ Senghor និងតំណាងសមាគមសភានិយាយភាសាបារាំង ចំនួនប្រមាណ ៨០នាក់ ។

វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរវាងក្រុមជាតិទទួលបន្ទុកកិច្ចការសភានិយាយភាសាបារាំង វិទ្យាស្ថានសភាកម្ពុជា សមាគមសភានិយាយភាសាបារាំង និងសាកលវិទ្យាល័យ Senghor ដែលចាប់ផ្តើមពីថ្ងៃទី០៩ ដល់ទី១៤ ខែតុលា ឆ្នាំ២០១៧ នៅវិមានព្រឹទ្ធសភា ។

លោក​ គឹម យាត ដារ៉ារិទ្ធ នាយក​ប្រតិបត្ត​នៃ​វិទ្យាស្ថាន​សភា​កម្ពុជា មាន​ប្រសាសន៍​ ស្វាគមន៍យ៉ាងកក់ក្តៅ ​ចំពោះគណៈអធិបតី ​ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ និងសិក្ខាកាមទាំងអស់ ដែលចូលរួមកម្មវិធីនេះពីកម្ពុជា ឡាវ ថៃ និងវៀតណាម ។ លោកនាយកប្រតិបត្តិក៏បានសម្តែងនូវសេច​ក្ដី​សោមនស្សរីករាយផងដែរ ដែលកម្មវិធីបណ្តុះបណ្តាលនេះ ចាប់ផ្តើមដំណើរការប្រកបដោយភាពអធិក អធមក្រោមកិច្ចសហការដ៏ជិតស្និទរវាងដៃគូទាំងអស់ ​។

ឆ្លៀតក្នុងឱកាសនេះ លោក គឹម យាត ដារ៉ារិទ្ធ បានរៀប​រាប់ដោយ​​សង្ខេប​​ពីប្រវត្តិ គុណតម្លៃ បេសកកម្ម និងវិធីសាស្រ្តបំពេញ ការងាររបស់វិទ្យាស្ថាន​សភា​កម្ពុជា​ ។មិនតែបុណ្ណោះ លោក ក៏បានបញ្ជាក់ផងដែពីបេសកកម្មរបស់វិទ្យាស្ថាននៅក្នុងបរិបទ ការងារតំបន់ ជាពិសេសជាមួយបណ្តាប្រទេសក្នុងតំបន់ ដែលស្ថិតក្នុងស្ថានភាពក្រោយជម្លោះ ដើម្បី​រួម​ចំណែក​ទាំង​អស់​គ្នា​ក្នុង​ការ​កសាង​សន្តិភាព​ និង​ស្ថេរភាព​ក្នុង​តំបន់ ​។

ប្រទេសដែលស្ថិតក្នុងស្ថានភាពក្រោយជម្លោះ ព័ត៌មានដែលយកមកប្រើក្នុងការរៀបចំគោលនយោបាយសាធារណៈនានា ពេលខ្លះមានភាពលំអៀង ហើយការជ្រើសរើស មន្ត្រីទៀតសោធពេលខ្លះធ្វើឡើងឲ្យឆ្លើយតបទៅនឹងគោលនយោបាយ បង្រូបបង្រួមជាតិដើម្បីធានាឲ្យមានការបញ្ជូលគ្រប់ភាគីទាំងអស់នៅក្នុងស្ថាប័នរដ្ឋ ក៏ដូចជាសភា។

ដូច្នេះការរៀបចំវគ្គបណ្តុះបណ្តាលដល់មន្រ្តីសភា ស្តីពី “ការគ្រប់គ្រង និងចាត់ចែងការងារសភា” ពិតជាមានសារៈប្រយោជន៍ ជាពិសេសដើម្បីឲ្យមន្រ្តីសភាបំរើ និងផ្តល់ព័ត៌មានបែបស្រាវជ្រាវសភា ដែលប្រកបដោយភាពអព្យាក្រឹត ច្បាស់លាស់ មិនលំអៀង និងប្រកបដោយការវិភាគគ្រប់ជ្រុងជ្រោយ ជូនគណៈកម្មការ និងសមាជិក សមាជិកាសភា។

លោកក៏បានគូសបញ្ជាក់ផងដែរថា ការបង្កើតឲ្យមានក្រុមការងារស្រាវជ្រាវសភាពិតជាមានសារៈប្រយោជន៍ណាស់ ដើម្បីជួយសភាឲ្យអនុវត្តមុខងាររបស់ខ្លួនកាន់តែប្រសើរក្នុងការត្រូតពិនិត្យ និងកែលម្អគោលនយោបាយសាធារណៈ ។ ជាការងារស្នូល តាំងពីឆ្នាំ ២០១១ វិទ្យាស្ថានបានជួយ   បណ្តុះបណ្តាល និងពង្រឹងសមត្ថភាពរបស់មន្រ្តីសភាកម្ពុជា និងឈានទៅជួយពង្រឹងសមត្ថភាពមន្រ្តីសភាមកពីក្នុងតំបន់ ដើម្បីឲ្យមានជំនាញស្រាវជ្រាវសភា ដែលមានលក្ខណៈ ពិសេសខុសពីជំនាញស្រាវជ្រាវបែបឧត្តមសិក្សា ទាំងទៅលើគោលបំណង វិធីសាស្រ្ត ពេលវេលា ខ្លឹមសារ និងទម្រង់ ។ ការបណ្តុះបណ្តាលនេះជាទូទៅធ្វើឡើ់ងជាភាសាអង់គ្លេស និងខ្មែរ ។ វិទ្យាស្ថានក៏បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ផ្ដល់​ការ​បណ្ដុះបណ្ដាលបែបនេះ​ជាភាសា​បារាំង​ ប្រសិន​បើ​មាន​សំណើ ។ ការប្រើប្រាស់ភាសាបារាំងមិនមែនជាទំនួលរបស់រដ្ឋទេ តែជាទំនួលរបស់បុគ្គលនីមួយៗដែលនិយាយភាសាបារាំង ព្រោះ​ថា ភាព​ចម្រុះ​នៃ​វប្បធម៌ សន្តិភាព សេរីភាព​ និង​​លទ្ធិ​​ប្រជាធិបតេយ្យ​ មានតម្លៃ​ជាសកល ​។

សារ​របស់​លោកសាស្រ្តាចារ្យ​Thierry Verdel សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័ Senghor ដែល​អាន​ដោយ​លោក​ អ៊ីម ក្រាវង្ស (Kravong Im) មន្រ្តីទទួល​ខុស​ត្រូវ​ការិយាល័យតំណាង នៃសមាគម​សាកលវិទ្យាល័យប្រើភាសាបារាំង ​(AUF) ប្រចាំទីក្រុង​ភ្នំពេញ និងអាស៊ី​ប៉ាស៊ីហ្វិច​ បាន​លើកឡើងថា​ បន្ថែមពីបេសកកម្មក្នុងការជួយលើកកម្ពស់សមត្ថភាព សាកលវិទ្យាល័យ Sanghor មានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការចូលរួមចំណែកពង្រឹងសេរីភាព និងលទ្ធិប្រជាធិបតេយ្យ ក៏ដូចជាអភិបាលកិច្ចល្អ ក្នុងចំណោមប្រទេសនិយាយភាសាបារាំង តាមរយៈការផ្តល់ការបណ្តុះបណ្តាលបែបនេះ ជាពិសេសសម្រាប់មន្រ្តីសភា ។ នេះក៏ជាការឆ្លុះបញ្ចាំងពីឆន្ទៈ និងគុណតម្លៃមូលដ្ឋានរបស់សមាគមសភានិយាយភាសាបារាំងផងដែរ ។

តាមរយៈសារនេះ លោកសាស្រ្តាចារ្យ​ Thierry Verdel ក៏បានបញ្ជាក់ផងដែរថា សាកលវិទ្យាល័យក៏មានរៀបចំវគ្គបណ្តុះបណ្តាល បែបនេះតាមប្រព័ន្ធអ៊ិនធឺណេតផងដែរ  លោកមាន​ជំនឿ​​ថា​ ការ​បណ្ដុះបណ្ដាល​បែបនេះនឹងរួមចំណែកជួយ​ឲ្យមន្រ្តី​សភាបំពេញ​ការ​ងារកាន់តែប្រសើរ ទាំងលើការងារ​គ្រប់​គ្រង និងចាត់ចែងកិច្ចការ​សភា​​ ។

បន្ទាប់​មកលោក​ស្រី​ Michèle André ជា​អគ្គ​លេខាធិការ ​នៃ​សមាគមសភានិយាយ​ភាសា​បារាំង​ អតីត​រដ្ឋមន្រ្តី​ ​និង​ជា​ប្រធាន​គណៈកម្មការ​ហិរញ្ញវត្ថុ ​នៃ​ព្រឹទ្ធ​សភា​បារាំង​ បាន​ផ្ញើសារ​ជូន​ដល់អ្នកចូលរួមទាំងអស់ក្នុងវគ្គបណ្ដុះបណ្ដាលនេះ​ ដែល​អាន​ដោយ​លោក Phillippe Péjo ទី​ប្រឹក្សា​គណៈកម្មការ​កិច្ចការ​សភា​នៃ​សមាគម​សភានិយាយភាសា​បារាំង​ ដែលមានខ្លឹមសារសង្ខេប​​ថា៖ “​វគ្គ​បណ្ដុះបណ្ដាល​នេះ​មានសារៈសំខាន់​ខ្លាំង​ដោយសារ​ ជា​បឋម​ វគ្គ​នេះ​មាន​គោល​ដៅ​ផ្តល់ជូនមន្រ្តី​ និង​អ្នក​គ្រប់​គ្រង​ការងារ​សភា ឲ្យស្វែង​យល់ឲ្យកាន់តែ​ច្បាស់​ពី​សារៈសំខាន់​របស់​ខ្លួន​ ដែលជាធនធានដ៏ចាំបាច់ជួយទ្រទ្រង់ការងារ​សភា​ប្រជាធិបតេយ្យ​​ឲ្យ​មាន​ប្រសិទ្ធិភាព​ ដូច្នេះ​ការពង្រឹងសមត្ថភាពរបស់មន្រ្តីសភាជាកត្តាចាំបាច់ មិន​អាច​ខ្វះ​បាន​ ។

ក្នុង​ឱកាស​ដ៏​ឧត្តុង្គឧត្តមនេះផង​ដែរ​ លោកជំទាវប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន និងជាអនុប្រធានក្រុមជាតិទទួលបន្ទុកកិច្ចការសភានិយាយភាសាបារាំង​ បាន​មាន​ប្រសាសន៍​ថ្លែងអំណរគុណ ដល់ភ្ញៀវជាតិ និងអន្តរជាតិ ក៏ដូចជា សិក្ខាកាម ដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃចូលរួមកម្មវិធីបើកវគ្គបណ្តុះបណ្តាលនេះ និងបានផ្តាំផ្ញើ   ឲ្យសិក្ខាកាមទាំងអស់យកចិត្តទុកដាក់សិក្សា ។ សភាកម្ពុជា​ក៏ដូច​ជា​សភាទាំង​អស់​នៅ​លើ​ពិភព​លោក​ មាន​សេចក្ដី​ត្រូវ​ការយ៉ាងធំធេង​​នូវ​ធនធាន​មនុស្សដែលប្រកបដោយគុណភាព​ ពី​ព្រោះ​មន្រ្តី​សភា​គឺ​ជា ​បង្គោល​ដែល​មិន​អាច​ខ្វះ​បាន​សម្រាប់ជួយទ្រទ្រង់ការងាររបស់​សមាជិកសភា​។

លោក​ជំទាវ​បាន​បន្ត​ទៀត​ថា​៖ ថ្ងៃ​នេះ APF ដោយ​មាន​កិច្ច​សហប្រតិបត្តិការ​ជា​មួយ​ សាកលវិទ្យាល័យ​ Senghor និង វិទ្យាស្ថាន​សភាកម្ពុជា បានសាកល្បង​រួមគ្នា​រៀបចំ​កម្មវិធី​បណ្តុះ​បណ្ដាល​ ដែល​អាច​យក​ទៅ​អនុវត្ត​សម្រាប់​មុខងារ​ជា​ច្រើន​ លើប្រធានបទស្ដី​ពី ​ “​ការ​គ្រប់​គ្រង​ និង​ចាត់​ចែង​ការងារ​សភា​”​ ដែល​ក្នុង​នោះ​មានប្រធានបទ​ទាក់ទង​ដល់​ការងារ​នីតិកម្ម ការងារ​រដ្ឋបាល​ និង​ការងារ​បច្ចេកទេស​ ។ ការបណ្ដុះ​បណ្ដាល​នេះ ជា​និច្ចជាកាលស្ថិត​នៅ​ក្នុង​ស្មារតី​​នៃ​អង្គការ​អន្តរជាតិ ​​នៃ​ប្រទេស​និយាយ​ភាសា​បារាំង​ ដែល​រួម​មាន​៖ នីតិរដ្ឋ​ ប្រជា​ធិបតេយ្យ​ និងអភិបាលកិច្ច​ល្អ​ ។

ក្នុងអំលុងពេល នៃវគ្គបណ្តុះបណ្តាល បទឧទ្ទេសនាមជាច្រើនត្រូវបានលើកមកបង្ហាញជូនសិក្ខាកាមពីសំណាក់សាស្រ្តចារ្យ និងថ្នាក់ដឹកនាំដ៏មានបទពិសោធន៍មកពីសាកលវិទ្យាល័យ និងសភា នៃប្រទេសនិយាយភាសាបារាំងដូចជា លោកសាស្រ្តាចារ្យ Frédéric Joël Aïvo សាកលវិទ្យា   ធិការវិទ្យាស្ថានវិទ្យាសាស្រ្តនយោបាយ និងច្បាប់ នៃសាកលវិទ្យាល័យ Abomey-Calavi Benin លោកស្រី Myriam Seya Ntshikala នាយិកាផ្នែកសេវាទូទៅ នៃព្រឹទ្ធសភាសាធារណរដ្ឋប្រជាធិប   តេយ្យ Congo លោក Michel Bonsaint អគ្គលេខាធិការ នៃរដ្ឋសភា Quebec, នៃប្រទេសកាណាដា លោក Xavier Baeselen, អគ្គលេខាធិការ នៃ Wallonia-Brussels នៃប្រទេសប៊ែលហ្សិក ។

ប្រធានបទដែលបានលើកឡើងនៅក្នុងវគ្គបណ្តុះបណ្តាលនេះរួមមាន ការប្រៀបធៀបអំពីរបបនយោបាយ នៃប្រទេសនិយាយ ភាសាបារាំង មុខងារសភា៖ មុខងារនីតិកម្ម និងត្រួតពិនិត្យ ក្រមសីលធ៌មរបស់មន្រ្តីសភា​ ស្ថានភាព និងអាជីពជាមន្រ្តីសភា ការរៀបចំឯកសារ៖ សេចក្តីស្នើច្បាប់ ឬសេចក្តីស្នើវិសោធនកម្មច្បាប់ កំណត់ត្រាជំនួយស្មារតី របាយការណ៍ ការរៀបចំការងារ សម្រាប់គណៈកម្មការ ដំណើរការប្រជុំ៖ កិច្ចការក្នុងសម័យប្រជុំពេញអង្គ ការងារទំនាក់ទំនងរបស់សភា៖ ការទំនាក់ទំនង ជាមួយរដ្ឋាភិបាល ក្រុមប្រឹក្សាធម្មនុញ្ញ សាធារណជន យុវជន សារព័ត៌មាន និងបទបង្ហាញអំពីសមាគមសភានិយាយ ភាសាបារាំង ។

សិក្ខាកាម និងគ្រូឧទ្ទេសនាមមានការប្រាស្រ័យទាក់ទងគ្នាយ៉ាងរស់រវើក តាមរយៈការលើកជាសំនួរ និងការឆ្លងឆ្លើយគ្នា ទៅវិញទៅ​មកក្នុងអំលុងពេលនៃការបណ្តុះបណ្តាល។ ជាក់ស្តែង សិក្ខាកាមបានបង្ហាញនូវការយល់ឃើញជាវិជ្ជមានអំពី វគ្គបណ្តុះបណ្តាលនេះ ដោយសិក្ខាកាមទាំងអស់មានឱកាសសិក្សាពីឧទាហរណ៍ជាក់ស្តែងអំពី ប្រព័ន្ធសភានានានៅក្នុងតំបន់ និងនៅប្រទេសដទៃនៅក្នុងពិភពលោក ក៏ដូចជាបានចែករំលែកបទពិសោធន៍ និងទស្សនៈនានារវាងគ្នាទៅវិញទៅមក ពីការគ្រប់គ្រង និងចាត់ចែងការងារសភា ។ សិក្ខាកាមទាំងអស់ បានបង្ហាញនូវឆន្ទៈចូលរួមវគ្គបណ្តុះ   បណ្តាលបែបនេះទៀត នៅក្នុងឆ្នាំ ២០១៨ ដើម្បីពង្រឹងសមត្ថភាពរបស់ពួកគេបន្ថែមទៀត ។

បន្ទាប់ពីឆ្លងកាត់ការសិក្សាយ៉ាងយកចិត្តទុកដាក់អស់រយៈពេលប្រាំមួយថ្ងៃ នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧ សិក្ខាកាមទាំងអស់ ចំនួន ៦៩នាក់ បានទទួលនូវវិញ្ញាបនបត្រ នៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ទី​ បូរ៉ាស៊ី ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន និងជាអនុប្រធានក្រុមជាតិ ទទួលបន្ទុកកិច្ចការសភានិយាយភាសាបារាំង ។ ក្នុងឱកាសនេះ លោកជំទាវ ទី បូរ៉ាស៊ី បានគូសបញ្ជាក់ម្តងទៀត​ ពីតួនាទីស្នូល របស់មន្រ្តីសភា ក្នុងការជួយគាំទ្រដំណើរការការងាររបស់សភា ។ នៅក្នុងដំណើរការការងាររបស់ខ្លួន សភាពិតជាមានតំរូវការ ចំាបាច់ណាស់ នូវធនធានមនុស្ស ដែលប្រកបដោយសមត្ថភាព ភាពទុកចិត្ត និងការទទួលខុសត្រូវ ។

 

 សេចក្តីប្រកាស់ព័ត៌មានជាភាសាបារាំង ផ្សព្វផ្សាយដោយ APF សំរាប់ព័ត៌មានបន្ថែម

 

APF Training