ពិធីប្រគល់វិញ្ញបនបត្រដល់សិក្ខាកាមបានប្រារពធ្វើនៅថ្ងៃសុក្រ ៥រោច ខែមិគសិរ ឆ្នាំរកា ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០១៧ នៅមន្ទីព្រឹទ្ធសភា ដែលសហការណ៍ រៀបចំដោយអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងវិទ្យាស្ថានសភាកម្ពុជា ។ សិក្ខាកាម ចំនួន​ ២៦នាក់បានបញ្ចប់ដោយជោគជ័យក្នុងវគ្គបណ្តុះបណ្តាលស្តីអំពី ការសរសេរ របាយការណ៍វិភាគសម្រាប់វេទិកា ឬកិច្ចពិគ្រោះយោបល់សាធារណៈ ។ វគ្គបណ្តុះបណ្តាលចាប់ផ្តើមពីថ្ងៃទី ២០ ខែវិច្ឆិកា ដល់ថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០១៧​។

កញ្ញា ជាង កែម ក្នុងចំណោមសិក្ខាកាមដែលបានបញ្ចប់វគ្គនេះបានលើកឡើងពីជំនាញថ្មីដែលទទួលបានពីវគ្គបណ្តុះបណ្តាល ខាងលើ។ ជំនាញទាំងនេះរួមមានទាំងសំនួរ​គន្លឹះដែលផ្តោតលើការរៀបចំវេទិកា និងសំនួរពីបញ្ហាដែលបានពិភាក្សាអំឡុងពេល វេទិកានីមួយៗ ក៏ដូចជាការផ្តល់ជាតារាងសង្ខេបស្តីពីបញ្ហាដើម្បីជាគោលដៅ និងធាតុផ្សំសម្រាប់ការវិភាគខ្លឹមសារបញ្ចូលក្នុង របាយការណ៍ ។

លោក ឃុត ឥន្ទសេរី នាយកផ្នៃកទំនាក់ទំនងនៃវិទ្យាស្ថានសភាកម្ពុជា ដែលជាគ្រូឧទ្ទេសនាមបានលើកឡើងពីប្រវត្តិនៃការរៀបចំ វគ្គនេះដែលមាននៅក្នុងកម្មវិធី វគ្គបណ្តុះបណ្តាលប្រាស្រ័យឆ្លើយឆ្លងសភា ។ លោកបានផ្តល់អត្ថន័យសង្ខេបពីគោលបំណង​និងខ្លឹមសារនៃវិធីសាស្ត្រ ក្នុងការសរសេររបាយការណ៍វិភាគរួមទាំងការអនុវត្តន៍ល្អៗពីការកត់ត្រាលទ្ធផលនិងសមិទ្ធផល ដែលទាក់ទងគ្នាជាមួយបញ្ហាទាំងឡាយនោះ។ ការតាមដានបញ្ហាដែលបានលើកឡើងនៅក្នុងវេទិកានិងការវិវត្តន៍នៃការដោះ ស្រាយរបស់អាជ្ញាធរ គឺជាធាតុសំខាន់មួយផងដែរនៅក្នុងរបាយការណ៍ ។ លោក ឃុត ឥន្ទសេរីបានថ្លៃងអំណរគុណ ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភាចំពោះការគាំទ្រនិងកិច្ចសហប្រតិបត្តិការជានិច្ចជាកាលដល់សកម្មភាព វិទ្យាស្ថានក្នុងការ ពង្រឹងសមត្ថភាពមន្ត្រីសភា ។

ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភាបានថ្លៃងនៅក្នុងសន្ទរកថាស្វាគមន៍ថា អ្នកកត់ត្រាឬអ្នកធ្វើរបាយការណ៍ មានតួនាទីសំខាន់នៅក្នុងការផ្តល់ការវិភាគពីព្រឹត្តិការណ៍ និងខ្លឹមសារដែលបាន ពិភាក្សានៅក្នុងរបាយការណ៍ ដែលខ្លួនត្រូវ សរសេរ ។ ឯកឧត្តមក៏បានបញ្ជាក់ផងដែរថា ការថ្លឹងថ្លែងនូវបញ្ហាលើកឡើងដោយប្រជាពលរដ្ឋនិងការកត់ត្រាការពិតទាំងឡាយ ដែលបញ្ជាក់ពីឬសគល់បញ្ហាអាចផ្តល់ឲ្យសមាជិកសភារកដំណោះស្រាយនិងអន្តរាគមន៍ទាន់ពេលវេលាសំរាប់បញ្ហាដែលបានលើកមកពិភាក្សានោះ។ ជាលទ្ធផល វានឹងអាចឲ្យសមាជិកសភាទាំងនោះបំពេញតួនាទីរបស់ខ្លួនជា អ្នកតំណាងប្រជាពលរដ្ឋ ជាអ្នកតាក់តែងច្បាប់ និងអ្នកត្រួតពិនិត្យការអនុវត្តច្បាប់ ។ ជាទីបញ្ចប់ ឯកឧត្តមក៏បានផ្តាំផ្ញើឲ្យសិក្ខាកាមទាំងអស់ យកជំនាញវិភាគដែលទទួលបានពីវគ្គបណ្តុះបណ្តាលនោះទៅ   អនុវត្តន៍ឲ្យក្នុងការសរសេររបាយណ៍ពីវេទិកា ហើយការងារនេះនឹងមានមកជាបន្តបន្ទាប់ក្នុងពេល ខាងមុខ​ ។

Analytical report writing certificate presentation