នា​ព្រឹក​ថ្ងៃពុធ ​ទី​២១ ខែ​មិនា ឆ្នាំ​២០១៨ វិទ្យាស្ថាន​សភា​កម្ពុជា (វ.ស.ក) បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃការយោគយល់​គ្នា​ជាមួយ​វិទ្យាស្ថានជាតិ​ការទូត​ និង​ទំនាក់ទំនងអត្តរជាតិ​ (NIDIR)។គោលបំណង​នៃ​អនុស្សរណៈ​នៃការយោគយល់​គ្នា នេះ គឺដើម្បី​​ផ្ដល់​ជា​ក្រប​ខ័ណ្ឌ​​មូលដ្ឋាន​ដែល​អនុញ្ញាត​​ឲ្យ វ.ស.ក និង NIDIR​ អាចរៀបចំ​ និង​អនុវត្ត​គម្រោង​រួម​គ្នា​បាន ដោយផ្អែក​លើ​ការព្រមព្រៀងគ្នា​ទៅ​វិញ​ទៅ​មក​ និង គោលនយោបាយ​និង​នីតិវិធីរៀង​ៗ​ខ្លួន​។

 

តាម​​កិច្ច​ព្រម​ព្រៀង​ ដែល​ចុះ​ហត្ថលេខា​ដោយ​លោក គឹម យាត ដារ៉ារិទ្ធ ​នាយក​ប្រតិបត្តិ​នៃ វ.ស.ក និង ឯកឧត្ដម ​បណ្ឌិត ឈីវ យីស៊ាង ប្រធាន​វិទ្យាស្ថាននៃ NIDIR ភាគីទាំង​ពីរ​បាន​យល់​ព្រម​ធ្វើ​កិច្ចសហប្រតិបត្តិការ​លើ​​វិស័យ​ទូលំទូលាយ​ ដែល​មានជាអាទ៌​៖​

  1. ផ្លាស់ប្ដូរឯកសារសិក្សា និង​ការបោះពុម្ភផ្សាយ​នានា​
  2. ធ្វើការ​ស្រាវជ្រាវ​រួមគ្នា​លើ​ប្រធាន​បទ​ជាក់លាក់នានា​ពាក់ព័ន្ធ​នឹង​បញ្ហាការទូត​
  3. សហការរៀបចំកិច្ច​ពិភាក្សា​តុមូល​ សិក្ខាសាលា និង​សន្និសីត​
  4. ផ្លាស់​ប្ដូរជំនាញ និង​ឱកាស​បណ្ដុះបណ្ដាល​សម្រាប់​មន្រ្តី​សភាកម្ពុជា បុគ្គលិក មន្រ្តី និង​អ្នក​ការទូត​
  5. រាល់សកម្មភាព​ផ្សេងៗ​ទៀត​ដែល​មាន​ផល​ប្រយោជន៍​ទៅ​វិញ​ទៅ​មក​សម្រាប់​ការកសាងសមត្ថភាព​។

 

NIDIR MoU5

 

Sមាន​ប្រសាសន៍​នៅ​ក្នុង​ព្រឹត្តិការណ៍​ដ៏សំខាន់​នេះ ឯ.ឧ អ៊ុំ សារិទ្ធិ អគ្គលេខាធិការ​នៃ​ព្រឹទ្ធសភា និង​ជា​ប្រធាន​នៃ​ វ.ស.ក បានស្វាគមន៍​យ៉ាង​កក់ក្ដៅ​ចំពោះ​សមាជិក​និង​ប្រធានគណៈកម្មការ​​នៃ​សភាកម្ពុជា មន្រ្តី​ជាន់​ខ្ពស់​មកពី​ស្ថាប័ន​រដ្ឋាភិបាល​ និង​ដៃ​គួរ​អភិវឌ្ឍន៍​នានា និង​ភ្ញៀវកិត្តិយស​ទាំង​អស់​ដែល​បាន​ចូល​រួម​។

 NIDIR MoU1

 

ឯ.ឧ អ៊ុំ សារិទ្ធិ បាន​មាន​ប្រសាសន៍ថា តួនាទី​របស់​សភា​កាន់​តែ​សំខាន់​នៅក្នុង​កិច្ចការទូតសភា​​ដើម្បី​ចូលរួម​ពង្រឹង​កិច្ចសហប្រតិបត្តិការ​តំបន់​និង​អន្តរជាតិ​។ លើសពី​នេះ​ទៀត ឯកឧត្ដមបានបន្ថែម​ថា សភា​មាន​តួនាទី​ចាំបាច់​ក្នុង​ការ​ផ្ដល់​សច្ចាប័ន​ទៅ​លើ​សន្ធិសញ្ញា​ និង​កិច្ចព្រមព្រៀង​អន្តរជាតិ​ផ្សេង​ៗទៀត​។ ឯកឧត្ដម​បាន​លើកឡើងពី​ប្រវត្ត​នៅ​ពី​ក្រោយ​នៃ​ការ​បង្កើត​ វ.ស.ក និង បេសកកម្មពីរសំខាន់ៗ​ គឺ​ការពង្រឹង​សមត្ថភាព​សភា និង ចែករំលែក​បទពិសោធន៍​ជាមួយ​នឹង​សភា​ក្នុង​តំបន់​។

ឯកឧត្ដមក៏​បាន​លើកឡើងបន្ថែម​ថា សម្រាប់​ពេល​បច្ចុប្បន្ន​និង​អនាគត សភាពិត​ជា​ត្រូវ​ការ​អ្នកជំនាញ​ផ្នែក​កិច្ចការ​អន្តរជាតិ​ដើម្បី​ជួយ​ក្នុង​ការ​វិភាគ​ឲ្យបាន​ស៊ីជម្រៅ​និង​ទូលំទូលាយ​​ដែល​អាច​លើកយក​មក​ពិភាក្សា​ ចែក​រំលែក​បទ​ពិសោធន៍ និង​ពិភាក្សា​វែកញែក​ដើម្បី​រកដំណោះស្រាយជា​យុទ្ធសាស្រ្ត​នៃ​បញ្ហារួម​ទាំងឡាយ​នៅ​ក្នុង​តំបន់​ និង​ពិភពលោក ព្រមទាំង​ដើម្បី​ការ​ពារ​ផល​ប្រយោជន៍​ជាតិ​នៅលើ​ឆាកអន្តរជាតិ​។

ឯ.ឧ អ៊ុំ សារិទ្ធិ បាន​បន្ថែម​ថា “​ការបង្កើត​ NIDIR របស់ក្រសួង​ការបរទេស​និង​កិច្ចសហប្រតិបត្តិការអន្តរជាតិ​ នៅ​ថ្ងៃទី​២២ កុម្ភៈ ឆ្នាំ​២០១៨ នេះ គឺ​ជា​ឱកាស​ដ៏ប្រសើរ​សម្រាប់​ វ.ស.ក ចាប់ផ្ដើម​កិច្ច​សហប្រតិបត្តិការ​របស់​ខ្លួន​នៅ​ក្នុង​ការ​បណ្ដុះបណ្ដាល​និង​ការ​ផ្លាស់ប្ដូរ​បទ​ពិសោធន៍​ និងធនធាន​​ជំនាញ​​ក្នុងវិស័យការទូត​ និង​ទំនាក់ទំនង​អន្តរជាតិ​។”​

ឯកឧត្ដម​បានសន្នដ្ឋានថា​ ​ការ​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈនៃការយោឡយល់គ្នានេះ បាន​បង្ហាញ​ពី​ការ​ចាប់​ផ្ដើម​នៃ​កិច្ចសហប្រតិបត្តិការ​ផ្នែក​បច្ចេកទេស​រវាង​វិទ្យាស្ថានទាំងពីរ​ ក្នុងគោលបំណង​​​ផ្ដល់​នូវការ​បណ្ដុះបណ្ដាល​ និង​ដើម្បី​ពង្រឹងសមត្ថភាព​ផ្នែក​ការទូត​និង​ទំនាក់​ទំនងអន្តរជាតិ​។ វិធីសាស្រ្តនៃ​ការ​ស្រាវជ្រាវ​ និង​ការ​ផ្ដល់ឲ្យ​ព័ត៌មាន​​បែប​​ការស្រាវ​ជ្រាវអំពី​បញ្ហា​​សភា​គឺ​ត្រូវស៊ី​គ្នា​នឹងបុគ្គលិកសភា​ដែល​ពាក់​ព័ន្ធ​ ដែល​មាន​លក្ខណៈ​ខុសគ្នា​ពី​នីតិវិធិទាំងឡាយ​​​ដែល​ស្ថាប័នផ្សេង​​​ទៀតអនុវត្ត​។​

ជាការ​ឆ្លើយ​តប ឯកឧត្ដម ​បណ្ឌិត ឈីវ យីស៊ាង បាន​មាន​ប្រសាសន៍​ថា​ ការ​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈនៃការយោគយល់គ្នា​នេះ​​មាន​លក្ខណៈ​ពិសេស​ដ៏គួរ​ឲ្យកត់​សម្គាល់​ ដោយសារ​វិទ្យាស្ថានទាំងពីរ​បានអនុវត្ត​សកម្ម​ភាព​សំខាន់ៗ​ដូចគ្នាដើម្បី​​ចូលរួម​ចំណែក​ពង្រឹង​សមត្ថភាព​ស្ថាប័ន​ និង ធនធាន​មនុស្ស​ ក្នុង​គោលដៅ​រួម​តែ​មួយ​ គឺ​ការ​លើកតម្កើង​កិត្យានុភាព​ និង​ ការការពារ​អត្ថប្រយោជន៍​កម្ពុជា​។

 

NIDIR MoU2

 

ឯកឧត្ដម ​បណ្ឌិត ឈីវ យីស៊ាង​​ បាន​មានប្រសាសន៍បន្ថែមថា វិទ្យាស្ថាន​មាន​ភារកិច្ច​កសាង​សមត្ថភាព​មន្រ្តី​ទូត​កម្ពុជា​ឲ្យ​លេចធ្លោ​​។ ដូច្នេះ​ដើម្បី​ពួកគាត់​អាច​ឆ្លើយ​តបទៅ​នឹង​តម្រូវ​ការនៃពិភពលោក ​ ដែល​វិស័យការទូត​​កាន់តែមាន​លក្ខណៈ​ស្មុគស្មាញ ​ ទាំង​នៅ​ក្នុង​តំបន់ និង​​អន្តរជាតិ ជាពិសេស​ដើម្បី​លើក​កម្ពស់​​តួនាទី​ដ៏សំខាន់​​និង​សកម្មភាព​របស់​កម្ពុជា​។ នេះ​ជាការ​ចាំបាច់​សម្រាប់ជាតិទាំងមូល និង​សម្រាប់​ពលរដ្ឋម្នាក់ៗ​ សម្រាប់​កម្ពុជា​ក្នុងការ​កសាង​​​កិត្យានុភាព​ និង​ដើម្បី​ធានាឲ្យបាននូវសិទ្ធ​​ស្មើភាពគ្នានៅ​លើ​វេទិកា​អន្តរជាតិ​។

ប្រធាន​វិទ្យាស្ថាននៃ NIDIR បាន​បង្ហាញ​ពីការ​ជឿ​ជាក់​មុតមាំថា កិច្ចសហការ និង ភាពជាដៃគូ​រវាង​វិទ្យាស្ថាន​យើង​ទាំង​ពីរ​ តាមរយៈ​ការចុះហត្ថលេខា​លើ​អនុស្សរ​ណៈ​នៃ​ការ​យោគយល់​គ្នា​ នឹង​បង្កើត​​នូវ​សហថាមពល​ (synergy) មួយ តាមរយៈការផ្លាស់​ប្តូរគ្រូឧស្ទេស បទពិសោធន៍គរុកោសល្យ អ្នកស្រាវជ្រាវ និង ការ​ស្រាវជ្រាវ​ ការ​ចែករំលែក​ឯកសារ​បោះពុម្ភផ្សាយ និង​ ការ​រៀបចំ​ព្រឹត្តិការណ៍រួមគ្នា​។ សហថាមពលនេះ​​នឹងជម្រុញ​សកម្មភាព​បណ្ដុះបណ្ដាល​និងការស្រាវជ្រាវ​រវាង​វិទ្យាស្ថាន​ទាំងពីរ​ នឹង​ចូល​រួមចំណែក​ពង្រឹង​សមត្ថភាព​ស្ថាប័ន​ និង​ធនធាន​មនុស្ស​នៃ​អង្គសំខាន់ៗ​ទាំងពីរ​ អង្គនីតិ​       ប្បញ្ញត្តិ និង អង្គនីតិ​ប្រតិបត្តិ​។

ឯកឧត្ដម ​បណ្ឌិត ឈីវ យីស៊ាង បាន​ជួន​ដំណឹងថា នៅក្នុង​ក្របខ័ណ្ឌគតិយុត្តិ​ វិទ្យាស្ថានជាតិ​ការ​ទូត​ និង​ទំនាក់ទំនង​អន្តរជាតិ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ខែ​ឆ្នូ ឆ្នាំ​២០១៦ ហើយ​ក៏ជាវិទ្យាស្ថាន​បណ្ដុះ​បណ្ដាល​មន្រ្តី​ការទូត​ដំបូងគេ​នៅ​​ក្នុង​​ប្រវត្តិ​វិស័យកាទូត​កម្ពុជា​​។ សំណង់​អាគារនៃ​​វិទ្យាស្ថាន​​​ត្រូវ​បាន​បញ្ចប់​ការសាងសង់​នៅ​ដើមឆ្នាំ​​២០១៨​នេះ និង​ត្រូវ​បាន​ដាក់​សម្ភោធជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០១៨​​។

 

NIDIR MoU3