អគ្គលេខាធិការនៃរដ្ឋ​សភា និង អគ្គនាយកនៃនាយកដ្ឋានស្រាវជ្រាវគោលនយោបាយ និងថវិកាសភា ហ្វីលីពីន បំពេញ​ទស្សនកិច្ចនៅកម្ពុជា ដើម្បីពិភាក្សាលើ​កិច្ចសហប្រតិបត្តិការក្នុងការពង្រឹងសមត្ថភាពបុគ្គលិកសភា

ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០១៨ សភាកម្ពុជា និង វិទ្យាស្ថានសភាកម្ពុជា​ (វ.ស.ក)​ បានទទួល​ស្វាគមន៍ ឯកឧត្តម មេធាវី Cesar Strait Pareja អគ្គលេខា​ធិការ​រដ្ឋ​សភា​និងឯកឧត្តម បណ្ឌិត Rumulo Emmanuel Miral អគ្គនាយកនៃនាយកដ្ឋាន ស្រាវជ្រាវគោលនយោបាយនិងថវិកាសភា នៃ​ប្រទេស​ហ្វីលីពីន (CPBRD)។​

នៅក្នុងកិច្ចប្រជុំ ឯកឧត្តម អ៊ុំសារឹទ្ធ អគ្គលេខាធិការនៃព្រឹទ្ធសភាកម្ពុជា និង​ជាប្រធានក្រុមប្រឹក្សាភិបាលនៃ វ.ស.ក និង ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការនៃរដ្ឋ​សភាកម្ពុជា បានថ្លែងថាសភាត្រូវការធនធានមនុស្សដែលបានបណ្តុះបណ្តាល និងមាន ជំនាញច្បាស់លាស់ដើម្បីបំពេញមុខងារធម្មនុញ្ញរបស់ខ្លួន។ ទោះជាយ៉ាង​ក៏ដោយ ការអភិវឌ្ឍសមត្ថភាពបែបនេះ​មានការចំណាយ ហើយដែល​សភាភាគច្រើនមានការខ្វះខាត​ ទាំងធនធាន ពេលវេលា និងហិរញ្ញវត្ថុ​ដើម្បីបំពេញ​តម្រូវការនេះ​។ កម្មវិធីចែករំលែក ចំណេះដឹងដែល​បានផ្តួចផ្តើមឡើងដោយ​ វ.ស.ក មានគោលបំណងឆ្លើយតបទៅនឹងតម្រូវការដើម្បីពង្រឹងសមត្ថភាពសភានៅក្នុង តំបន់។ កម្មវិធីនេះ​​ស្រប​ទៅនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព (SDGs) ២០៣០ ក្នុងការចាត់វិធានការជាក់ស្តែង ដើម្បីបង្កើនការគាំទ្រពី​អន្តរជាតិសម្រាប់ការអនុវត្តប្រកបដោយប្រសិទ្ធភាព និងកំណត់យក​ការកសាងសមត្ថភាពដើម្បីគាំទ្រ ដល់ផែនការជាតិ​តាមរយៈកិច្ចសហប្រតិបត្តិការរវាងសភាក្នុង​និង​ក្រៅ​តំបន់​ ក៏ដូចជា​​រវាង​សភា​ក្នុង​សកលលោក​។

នៅ​ក្នុងកិច្ចពិភាក្សា​អំពីសក្តានុពលនៃកិច្ចសហប្រតិបត្តិការរវាង វ.ស.ក និង គណៈប្រតិភូនៃរដ្ឋ​សភាហ្វីលីពីននោះ លោក គឹម យ៉ាត ដារ៉ារិទ្ធ នាយកប្រតិបត្តិនៃ វ.ស.ក បានលើក​ឡើងអំពី គោលការណ៍​ឯករាជ្យ​ មិនលំអៀងរបស់ វ.ស.ក ដោយផ្ដោត​លើ​ការអភិវឌ្ឍសមត្ថភាព​។ លោក​នាយកប្រតិបត្តិបានមានប្រសាសន៍បន្ថែម​​ថា៖ "គម្រោងពង្រឹងសភារបស់ វ.ស.ក គឺជាផ្នែកមួយនៃ កម្មវិធីចែករំលែកចំណេះដឹងទូលំទូលាយ ដែលមាន​គោលដៅ​កសាងសមត្ថភាពនិងផ្ដល់​នូវ​ឱកាសរៀនសូត្រដល់បុគ្គលិកសភា នៅក្នុងតំបន់ ដែលពាក់ព័ន្ធនឹង​​កិច្ចសហប្រតិបត្តិការបច្ចេកទេសរវាងសមាជិកសភាអន្តរសភា​អាស៊ី (AIPA)។” លើសពីនេះទៀត លោកបានកោតសរសើរចំពោះលទ្ធផលល្អៗ​នៃការផ្លាស់ប្តូរការរៀនសូត្រកន្លងមក​ជាមួយសភា​ហ្វីលីពីន រួមទាំង​ កម្មវិធី អាហារូបករណ៍សម្រាប់សភា​​ក្នុង​តំបន់ និង តាមរយៈទស្សនៈកិច្ច​សិក្សា​ទៅ CPBRD។

នៅក្នុងការឆ្លើយតប​ ឯកឧត្តម អគ្គលេខាធិការ Cesar Strait Pareja បានសម្តែងនូវចំណាប់អារម្មណ៍លើវិស័យមួយចំនួន ដែលត្រូវបានស្នើឡើង​សម្រាប់​ធ្វើ​កិច្ចសហប្រតិបតិ្តការ រួមទាំង​ការបណ្តុះបណ្តាលបន្ថែមលើការវិភាគថវិកា ការបង្កើតកម្មវិធី ផ្លាស់ប្តូរ​ព័ត៌មានថ្នាក់តំបន់ដើម្បីលើកកម្ពស់បណ្តាញស្រាវជ្រាវនៅក្នុងសភាអាស៊ាន ​និង កម្មវិធី​បណ្ដុះបណ្ដាល​ការទូតសភា។ ភាគីទាំងពីរបានគូសបញ្ជាក់​​ថា​នឹងស្វែងរកមធ្យោបាយដើម្បីធ្វើឲ្យ​ផែនការ​​កិច្ចសហប្រតិបត្តិការដែលបានលើកឡើង​នេះអាច​ឲ្យ​អនុវត្ត​​បាន​ឆាប់រហ័ស។