វិទ្យាស្ថានសភាកម្ពុជា (វ.ស.ក) បានរៀបចំ​សិក្ខាសាលាបណ្តុះបណ្តាលស្តីពីដំណើរការ​នៃ​ការតាក់តែងច្បាប់​និងការធ្វើសេចក្តីព្រាងច្បាប់​និងការវាយតម្លៃគោលនយោបាយ។ កម្មវិធីទាំងនេះបានដំណើរការពីថ្ងៃទី 19 ដល់ថ្ងៃទី 21 ខែមិថុនាឆ្នាំ 2018 និងពី​ថ្ងៃទី 25 ដល់ថ្ងៃទី 26 ខែមិថុនាឆ្នាំ 2018 ហើយត្រូវបានសហការ​រៀបចំឡើងដោយ​សាស្រ្តាចារ្យ Felix Uhlmann មកពីសាកលវិទ្យាល័យ Zurich និងសាស្ត្រាចារ្យហ្វ្រេដេរិចវ៉ារ៉ុន (Frédéric Varone) មកពីសាកលវិទ្យាល័យហ្សឺណែវ (UNIGE)។

អ្នកចូលរួមប្រហែល 65 នាក់បានចូលរួមនៅព្រឹទ្ធសភារួមមាន​ក្រុមការងារផ្នែកច្បាប់របស់ វ.ស.ក​ (បុគ្គលិកមកពីរដ្ឋសភានិង ព្រឹទ្ធសភា) បុគ្គលិក វ.ស.ក និងបុគ្គលិកសភា (មកពីគណៈកម្មការ ផ្នែកស្រាវជ្រាវច្បាប់ និងនាយកដ្ឋាននីតិកម្ម) នៃរដ្ឋសភានិង ព្រឹទ្ធសភា។ សកម្មភាពបណ្តុះបណ្តាលមានទម្រង់បែបបទជាសិក្ខាសាលា​នៅពេលព្រឹកដើម្បីកសាងចំណេះដឹងទូទៅរបស់​អ្នកចូលរួម​ពាក់ព័ន្ធនឹងគោល​គំនិតសំខាន់ៗជាច្រើនទាក់ទងនឹងការធ្វើសេចក្តីព្រៀងច្បាប់​ និងការវាយតម្លៃគោលនយោបាយ។ ពេលរសៀលផ្ដោតសំខាន់​ទៅលើ​វគ្គបណ្តុះបណ្តាលជំនាញសម្រាប់​សមាជិកក្រុមការងារ​ផ្នែក​ច្បាប់ វ.ស.ក​ ដែលអាចឱ្យពួកគេ រៀនពី​វិធីសាស្ត្រ និងដំណើរការនៃការធ្វើសេចក្តីព្រៀងច្បាប់និងការវាយតម្លៃគោលនយោបាយ។

សាស្រ្តាចារ្យ Uhlmann ដែលជាសាស្រ្តាចារ្យជំនាញ​ផ្នែក​ច្បាប់រដ្ឋធម្មនុញ្ញនិងរដ្ឋបាល និងការតាក់តែងច្បាប់​នៃសាកលវិទ្យាល័យ ហ្ស៊ុរីច (Zurich) បានប្រសាសន៍​ថា “​អ្នកចូលរួមត្រូវបានលើកទឹកចិត្តយ៉ាងខ្លាំងមិនគ្រាន់តែក្នុងការពិភាក្សាក្រុមប៉ុណ្ណោះទេ ថែមទាំងនៅក្នុងសម័យប្រជុំពេញអង្គផងដែរ”​។ លោកបានបន្ថែមថា "តាមរយៈ​សំណួរ និងមតិ​យោបល់ បានបង្ហាញថាគោល​គំនិតអំពីច្បាប់ល្អត្រូវបានយល់ច្បាស់និងទទួលបានយ៉ាងល្អ"។ សាស្រ្តាចារ្យ Uhlmann បានពិភាក្សា ក្នុងចំនោមបញ្ហាផ្សេងទៀត អំពីសំណួរជាមូលដ្ឋាននៃអ្វីដែលហៅថា​ច្បាប់ "ល្អ" និងរបៀបដែលត្រូវបានវាស់វែងគុណភាពច្បាប់​។ លោកក៏បានបង្ហាញនូវ បទដ្ឋានគតិយុត្តិ​ទាំងឡាយ​យ៉ាង​ទូលំទូលាយជាច្រើន និង បានដោះស្រាយសំនួរអំពីដំណើរការនៃការតាក់តែង​ច្បាប់​ ដូចជាដំណាក់កាល​ប្រមូលព័ត៌មាន និងការចូលរួមរបស់​សាធារណៈជន​។ ប្រធានបទដូចជារចនាសម្ព័ន្ធ​ច្បាប់ វិសាលភាពនៃច្បាប់ និយមន័យ​ច្បាប់ និងការពិនិត្យឯកសារយោង​ត្រូវបានលើកយក​មកពិភាក្សាផង​ដែរ​​។ ក្រុមការងារផ្នែកច្បាប់របស់ វ.ស.ក​ បានបង្កើតសេចក្តីព្រាងគោលការណ៍ណែនាំស្តីពីដំណើរការតាក់តែង​ច្បាប់​របស់កម្ពុជា ហើយលោកសាស្ត្រាចារ្យ Uhlmann បានផ្តល់យោបល់លើឯកសាទាំងនេះ។

សាស្រ្តាចារ្យ Varone គឺជាសាស្រ្តាចារ្យនៃការវិភាគគោលនយោបាយ និង ជាប្រធាននៃនាយកដ្ឋានវិទ្យាសាស្រ្តនយោបាយ និងទំនាក់ទំនងអន្តរជាតិនៅ UNIGE ។ លោកក៏បាន “​កោតសរសើរចំពោះការពិភាក្សាដ៏រស់រវើក​អំពីការអភិវឌ្ឍន៍នៃការ វាយតម្លៃវិធីសាស្ត្រនិងការរៀបចំការវាយតម្លៃគោលនយោបាយនៅកម្ពុជា”​។ លោកបានលើកឡើងថា អ្នកជំនួយការសភាដែល​មាន​ការ​លើកទឹកចិត្ត​​គឺជាធនធានដ៏សំខាន់សម្រាប់ការកសាងសមត្ថភាពក្នុងការវាយតម្លៃគោលនយោបាយ។ លោកបាននិយាយថា វាគឺជាប្រភពព័ត៌មានដ៏មានសក្តានុពលមួយដែលអាចឱ្យសមាជិកសភាបំពេញមុខងារនីតិកម្ម និងមុខងារត្រួតពិនិត្យរបស់ពួក គេព្រោះ “វាមានគោលបំណងផ្តល់នូវការយល់ដឹងថ្មីស្តីពីគុណភាពការរៀបចំគោលនយោបាយ ការរីកចម្រើននៃការអនុវត្ត និងផលប៉ះពាល់ចុងក្រោយ ទៅលើសេដ្ឋកិច្ចនិងសង្គម។ សមាជិកសភា និងបុគ្គលិកសភា គឺជាភាគីពាក់ព័ន្ធល្អបំផុតនៃការវាយតម្លៃគោលនយោបាយ ដែលលទ្ធផលនៃការវាយតម្លៃនេះ​នឹងជួយ​កាត់បន្ថយភាពមិនច្បាស់លាស់អំពីប្រសិទ្ធ​នៃគោលនយោបាយនិងភាពមិនស៊ីគ្នារវាងព័ត៌មាន​រដ្ឋាភិបាលនិងសភា”​។